Sunday, October 11, 2020

ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្ម


បដិវត្តន៍ឧស្សាហកម្មពីមួយជំនាន់ទៅមួយជំនាន់ត្រូវបានគេកំណត់ដោយយោងទៅតាមលទ្ធផលដែលបានមកពីម៉ស៊ីនផលិតនានា កម្រិតបច្ចេករិទ្យា និងថាមពលដែលប្រើប្រាស់ ដើម្បីផលិតបាននូវផលិតផលលឿន និងមានតម្លៃថោកជាមុន។ ជាក់ស្តែងបដិវត្តន៍ឧស្សាហកម្មបានដល់ជំនាន់ទី៤.០ទៅហើយ ដែលជំនាន់ទី១.0បានចាប់ផ្តើមកាលពីជិត ៣០០ឆ្នាំមុនមកម្ល៉េះ។

បដិវត្តន៍ឧស្សាហកម្ម 1.0​​​​ ​( 1760 - 1840)

ការដឹកជញ្ជូនដោយរថភ្លើងប្រើចំហាយទឹក

ជាបដិវត្តន៍ឧស្សាហកម្មដំបូងបំផុតដែលចាប់ផ្តើមពេលដែលការដឹកជញ្ជូនផ្លូវដែក(រថភ្លើង)ត្រូវបានបង្កើតឡើងដោយប្រើប្រាស់កម្លាំងចំហាយទឹក(Steam power) ដែលក្រោយមកត្រូវបានគេបង្កើតទៅជាម៉ាស៊ីនចំហាយទឹក(steam-engines) អាចប្រើប្រាស់អោយដំណើរការកប៉ាល់ និងម៉ាស៊ីនក្នុងផលិតកម្មជាច្រើន។ ហើយការចាត់ទុកថាចក្រភពអង់គ្លេសជាអ្នកចាប់ផ្តើមឡើង។

បដិវត្តន៍ឧស្សាហកម្ម 2.0​​​​ ​( 1850 - 1914)

ការប្រើប្រាស់អគ្គិសនី និងចង្វាក់ផលិតកម្មនៅរោងចក្រ Ford

ចាប់ផ្តើមនៅចុងសតវត្សរ៍ទី១៩ ដល់ដើមសតវត្សរ៍ទី២០ ដោយការប្រកាសអំពីការប្រើប្រាស់បច្ចេកវិទ្យាអគ្គិសនី និងការរៀបឲ្យមានចង្វាក់ផលិតកម្ម(assembly line production)នៅក្នុងរោងចក្រផលិតនានាដែលនាំអោយមានសំទុះនៃការផលិតឡើងខ្លាំង និងការផលិតម៉ាស៊ីនផ្សេងៗទៀត។ ហើយលោក ហែនរី ហ្វត (Henry Ford) អ្នកដឹកនាំក្រុមហ៊ុន Ford ដើរតួយ៉ាងសំខាន់ដែលរោងចក្រ Ford បានចាប់ផ្តើមមុនគេដើម្បីផលិតឡាន Ford។ មានប្រទេស ៣ ដើរតួយ៉ាងសំខាន់ក្នុងនោះមាន ចក្រភពអង់គ្លេស អាឡឺម៉ង់ និងសហរដ្ឋអាមេរិច។

បដិវត្តន៍ឧស្សាហកម្ម 3.0​​​​ ​( 1940 - 2010)

ឧស្សហកម្មដែលដើរដោយគ្រាន់តែបញ្ជាពីកុំព្យួទ័រ

នេះជាពេលបន្ទាប់ដែលកុំព្យូទ័រដំបូងត្រូវបានបង្កើតឡើង ហើយការអភិវឌ្ឍន៍ទៅលើប្រព័ន្ធឌីជីថលមានសំទុះយ៉ាងខ្លាំងក្លា ព្រមជាមួយការផលិតបាននូវគ្រឿងអេឡិចត្រូនិចថ្មីៗជាច្រើនដែលជួយដល់ការអភិវឌ្ឍន៍បច្ចេកវិទ្យាបានយ៉ាងលឿន។ ហើយកុំព្យូទ័រ និងប្រព័ន្ធអេឡិចត្រូនិចក៏បានញាត់បញ្ចូលទៅក្នុងការចង្វាក់ផលិតកម្មដែលធ្វើអោយទទួលបានទិន្នផលនិងល្បឿន ព្រមទាំងតម្លៃយ៉ាងល្អ។ ហើយដំណាក់កាលចុងក្រោយគឺការញាត់បញ្ចូលនៅអ៊ិនធើណែត(Internet) ដែលបណ្តាលឲ្យការផលិត និងការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិបានកាន់តែទូលំទូលាយ។

បដិវត្តន៍ឧស្សាហកម្ម 4.0​​​​ ​( 2011 - )

រូបតំណាងបដិវត្តន៍ឧស្សាហកម្ម ៤.០

គេហៅថាសម័យឧស្សាហកម្មដើរដោយម៉ាស៊ីនឆ្លាតវ័យដែលអាចដើរដោយខ្លួនឯងបាននឹងត្រឹមត្រូវជាមនុស្សជាអ្នកបញ្ជាទៅទៀត ដែលបដិវឌ្ឍន៍កំពុងតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍និងសិក្សាស្រាវជ្រាវជុំវិញពិភពលោក។ ជាលទ្ធផលមួយចំនួនដូចជា ឡានដែលអាចបើកបរដោយខ្លួនឯងបាន កុំព្យូទ័រដែលសិក្សានិងផ្តល់លទ្ធផលដល់យើង រ៉ូបូតដែលចេះបំពេញការងារដោយមិនត្រូវការអ្នកបញ្ជារ -ល-។ ជាគម្រោងគេនិយាយថា 25% នៃការងារទាំងនឹងត្រូវបានធ្វើនិងសិក្សាដោយម៉ាស៊ីនខ្លួនឯងមិនត្រូវការអ្នកបញ្ជារឡើយ។

ប្រភពផ្សេង
Disqus Comments